ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាចុងក្រោយលើលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាចុងក្រោយលើលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំពិនិត្យចុងក្រោយនេះ ធ្វើឡើងដើម្បីជាការពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម ពីថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងវិស័យយុត្តិធម៌ លើសេចក្តីព្រាងដំបូងនៃឯកសារលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ មុននឹងដាក់ជូនកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពិនិត្យនិងសម្រេចនាពេលឆាប់ៗខាងមុខនេះ ដែលនឹងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ទាំងអស់ និងឯកឧត្តម លោក លោកស្រី ជាសមាជិកនៃក្រុមការងារ។