ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប, ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមពិធី «ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការដាក់ឲ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍៕