ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ រួមមាន ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គនាយក និងមន្ត្រីបច្ចេកទេស ចូលរួមសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ» ក្រោមអធីបតីភាពលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំនៅកម្ពុជា និងលោក David HOTTE ប្រធានកម្មវិធីសម្របសម្រួលសកលនៃសហភាពអ៉ឺរ៉ុប (EU Global Facility)។ សន្និសីទថ្នាក់តំបន់នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរសៀមរាប ខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំរវាងធនាគារជាតិនៃកម្ពុជា, EU Global Facility, Asia/Pacific Group on Money Laundering (APG) និងអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា ដោយមានការចូលរួមពីសិក្ខាកាមថ្នាក់ជាតិ និងថ្នាក់អន្តរជាតិដែលមកពីជាង ១០ប្រទេស។