ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង​ ដាវ័ណ្ណ​ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាន់ហ៊ាង​ ដាវ័ណ្ណ​ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការចម្រុះ​ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ រវាងព្រះរាជាណាចក្រកម្ពុជា និង​​សាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ​​ ដែលដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អាឡិចហ្សេនឌ័រ អូហ្គ័ររ៉ូដនីកូវ (Alexander Ogorodnikov) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្ម​​នៃសាធារណរដ្ឋបេឡារុស និងដោយមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៥០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការតាមវិស័យ​ សំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-បេឡារុសឱ្យកាន់តែល្អប្រសើរឡើង។ ជាលទ្ធផល, ភាគីទាំងពីរបានពិភាក្សាលម្អិតលើវិស័យសហប្រតិបត្តិការ ដូចតទៅ៖ (១) ពាណិជ្ជកម្ម និងវិនិយោគ (២) ការផ្គត់ផ្គង់យានយន្ត (៣) ការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ​​ និងឱសថសាស្ត្រ (៤) ការផ្គត់ផ្គង់កៅស៊ូធម្មជាតិ (៥) ការផ្គត់ផ្គង់ផលិតផលកសិកម្ម និងចំណីអាហារ (៦) វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (៧) អប់រំ និងវប្បធម៌ (៨) អាកាសចរណ៍ស៊ីវិល (៩) ហិរញ្ញវត្ថុ និងធនាគារ និង (១០) ក្របខ័ណ្ឌគតិយុត្ត៕