ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាងនិងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល“ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាងនិងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”។ នេះជាលើកទី៣ នៃវគ្គបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួង លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមមកពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីកសាងសមត្ថភាព ធនធានមនុស្សក្នុងការបង្កើនចំណេះដឹង និងបច្ចេកទេសទាក់ទងទៅនឹងការស៊ើបអង្កេតការប្រឆាំងសម្អាតប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗចំនួន ៥ ដែលធ្វើបទបង្ហាញដោយវាគ្មិនពីតំណាងក្រសួងយុត្តិធម៌ ចៅក្រម និង តំណាងអយ្យការ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលមានជំនាញពាក់ព័ន្ធនឹងកិច្ចការងារសម្អាតប្រាក់នៅកម្ពុជា។