ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ បានរៀបចំធ្វើសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពី “លិខិតសារការីក្នុងរឿងប្រាតិភោគប្រត្យក្ស និងក្នុងការចាត់ចែងមត៌កជាសាច់ប្រាក់ក្នុងគណនីធនាគារ

នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨  ខែវិច្ឆិកា ឆ្នាំ២០២៤,​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានរៀបចំធ្វើសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពី “លិខិតសារការីក្នុងរឿងប្រាតិភោគប្រត្យក្ស និងក្នុងការចាត់ចែងមត៌កជាសាច់ប្រាក់ក្នុងគណនីធនាគារ” នៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទ្បើងក្រោមអធិបតីភាព ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និងដោយមានការអញ្ជើញចូលរួមជាគណ:អធិបតីពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋប្បវេណី,​ តំណាងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់,​ សារការីនៃមន្ទីរសារការីក្នុងព្រះរាជាណាចក្រកម្ពុជា, ចៅក្រម, អាជ្ញាសាលា,​តំណាងសមាគមធនាគារនៅកម្ពុជា (ABC) និងមន្ត្រីនៃក្រសួងយុត្តិធម៌ផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ បានគូសបញ្ជាក់ថា គោលបំណងចែករំលែកបទពិសោធន៍រវាងអ្នកវិជ្ជាជីវៈសារការី អ្នកវិជ្ជាជីវៈច្បាប់ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដោយផ្តោតជាសំខាន់លើតួនាទី និងប្រសិទ្ធភាពនៃលិខិតសារការីក្នុងការដោះស្រាយរឿងប្រាតិភោគប្រត្យក្ស និងបញ្ហាមត៌តជាសាច់ប្រាក់នៅក្នុងគណនីធនាគារ។

តាមរបៀបវារ:កំណត់ សិក្ខាសាលានេះបាន​ប្រព្រឹត្តទៅ ដោយមាន៖
- ការធ្វើបទបង្ហាញរបស់សារការីស្ដីពីខ្លឹមសារសំខាន់ៗ នៃវិជ្ជាជីវៈសារការី និងលិខិតសារការីក្នុងរឿងប្រាតិភោគប្រត្យក្ស និងក្នុងការចាត់ចែងមត៌តជាសាច់ប្រាក់នៅក្នុងគណនីធនាគារ។
- ការធ្វើបទបង្ហាញរបស់ចៅក្រម និងអាជ្ញាសាលា លើបញ្ហានៃការអនុវត្តនៃសំណុំរឿងអង្គសេចក្ដី និងសំណុំរឿងអនុវត្តក្នុងរឿងប្រាតិភោគប្រត្យក្ស និងក្នុងការចាត់ចែងមត៌តជាសាច់ប្រាក់នៅក្នុងគណនីធនាគារ។
- ការធ្វើបទបង្ហាញរបស់តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីសិទ្ធិប្រត្យក្ស និងបញ្ហានៃការចុះបញ្ជីដីធ្លី។ 
- ការធ្វើបទបង្ហាញរបស់តំណាងសមាគមធនាគារនៅកម្ពុជា (ABC) ពាក់ព័ន្ធនឹងបទពិសោធន៍អនុវត្តក្នុងរឿងប្រាតិភោគប្រត្យក្ស និងក្នុងការចាត់ចែងមត៌តជាសាច់ប្រាក់នៅក្នុងគណនីធនាគារ។

សិក្ខាសាលាក៏បានពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃការអនុវត្តវិជ្ជាជីវៈសារការី ពាក់ព័ន្ធនឹងលិខិតសារការីក្នុងរឿងប្រាតិភោគ​ប្រត្យក្ស និងក្នុងការចាត់ចែងមត៌កជាសាច់ប្រាក់ក្នុងគណនីធនាគារដោយមានការចូលរួមជជែកវែកញែកពីវាគ្មិនកិត្តិយសដែលជាអ្នកជំនាញ និងសិក្ខាកាមដែលជាអ្នកអនុវត្តផ្ទាល់ផងដែរ។