ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការ និងជាអនុប្រធាននៃក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំកម្មវិធីសិក្សាដែលឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

     នៅថ្ងៃច័ន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤, លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការ និងជាអនុប្រធាននៃក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំកម្មវិធីសិក្សា សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសមាសភាពគណៈប្រតិភូ ចំនួន ១៨ រូប ដែលទទួលបានការចាត់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយក្នុងនោះជាអាទិ៍រួមមានឯកឧត្តមអនុប្រធានតុលាការកំពូល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាចៅក្រមតុលាការកំពូល នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា ចៅក្រមនៃសាលាឧទ្ធណ៍ និងសាលាដំបូង ព្រមទាំងមន្រ្តី និងទីប្រឹក្សានៃក្រសួងយុត្តិធម៌ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលសុទ្ធសឹងជាសមាជិក និងសមាជិកា នៃក្រុមការងារបច្ចេកទេស។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកស្ទួយមូលធនមនុស្ស និងការផ្តល់សេវាយុត្តិធម៌ តាមរយៈការពង្រឹងគុណភាពបណ្តុះបណ្តាលនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។