ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

     បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណជាង 140រូប។ ថ្លែងក្នុងសិក្ខាសាលានេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌  បានថ្លែងអំណរគុណ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ជាពិសេស ក្រុមការងារលេខាធិការដ្ឋាននៃ គ.វ.រ. ដែលបានផ្តល់កិច្ចសហការល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង បានជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ក្នុងការធ្វើឱ្យការពិនិត្យឡើងវិញ និង ការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ សម្រេចបាននូវវឌ្ឍនភាព តាមកម្មវិធីការងារដែលបានគ្រោងទុក។ ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាទាំងមូលអំពីការងារកែសម្រួលរចនាសម្ព័ន្ធ និងការកែទម្រង់សំខាន់ៗមួយចំនួនក្នុងវិស័យយុត្តិធម៌ ដែលក្រសួងយុត្តិធម៌បានអនុវត្តនាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា "ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយការងារកែទម្រង់ទាំង ២ នេះ ត្រូវបានរៀបចំជាមុំដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី ១ និងជាវិធានការគន្លឹះរបស់ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តទៀតថា "ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” នេះ គឺមានភាពប្រទាក់ក្រឡាគ្នា ហើយជោគជ័យ នៃ “ការកែទម្រង់រដ្ឋបាលសាធារណៈ” គឺជាកាតាលីករមិនអាចខ្វះបាន ដែលនឹងជួយពន្លឿន និងបង្កើនប្រសិទ្ធភាពនៃ “ការកែទម្រង់ប្រព័ន្ធយុត្តិធម៌” សំដៅពង្រឹង និង លើកកម្ពស់សេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”។