ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើក "កិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្ដ្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា(NPSC)”

     រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩ កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើក "កិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្ដ្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា(NPSC)”។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងយុត្តិធម៌, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(AICHR), អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន-កម្ពុជា(SOMTC) និងស្ថានបេសកកម្មអូស្រ្តាលីប្រចាំអាស៊ាន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចម្បងចំនួន ៤ រួមមាន៖ ​

១៖ បង្ហាញដំណាក់កាលទី២ និងគម្រោងសំខាន់ៗចំនួន ៤ និងលទ្ធផលដំណាក់កាលបណ្ដោះអាសន្ននៃកម្មវិធី ASEAN-ACT ​

២៖ បង្ហាញផែនការការងារក្នុងតំបន់នៃកម្មវិធី ASEAN-ACT ឆ្នាំ២០២៤-២០២៥ និងសកម្មភាពពាក់ព័ន្ធនានានៅប្រទេសកម្ពុជា ​

៣៖ បង្ហាញផែនការការងារកម្មវិធី ASEAN-ACT ឆ្នាំ២០២៤-២០២៥ នៅកម្ពុជា ​ ៤៖ ពិភាក្សាបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តការងារ។