ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារមួយចំនួន។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Wang Wenbin ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ វត្តមានរបស់ ឯកឧត្តម Wang Wenbin ក្នុងបេសកកម្មនាពេលនេះ នឹងបន្តជួយជំរុញឱ្យទំនាក់ទំនងដែកថែបរបស់កម្ពុជា-ចិន កាន់តែរឹងមាំ ស៊ីជម្រៅ និងស្វាហាប់បន្តទៅមុខទៀត។ ក្នុងកិច្ចជំនួបនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្រ្តមួយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមបំផុត របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស បានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នឹងបន្តពូនជ្រំទំនាក់ទំនងនេះអោយកាន់រឹងមាំបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងដ៏ពិសេស ដែលកើតចេញពីការជឿទុកចិត្តគ្នា ការគោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្ត និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក ជាអាទិ៍ ការផ្តល់អាហារូបករណ៍ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការមកពីគ្រប់ស្ថាប័ន, ការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីរបស់ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជាជាអាទិ៍ ដែលទាំងនេះជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ ឯកឧត្តម Wang Wenbin ក៏បានឯកភាពផងដែរថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរ កាន់តែរឹងមាំមួយកម្រិតថែមទៀត។ បន្ថែមពីនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ភាគីចិន ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការកសាង និងអភិវឌ្ឍប្រទេស ដើម្បីសម្រេចឱ្យបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺបន្តជួយជ្រោមជ្រែងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិដែលមានកន្លងមកឱ្យកាន់តែរឹងមាំ និងឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។ ចំណែកឯកឧត្តម ឯកអគ្គរដ្ឋទូត ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។