រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តលង្កា ព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បានអញ្ជើញនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសល និងរាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា ព្រមទាំងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអមសាលាជម្រះក្ដីផងដែរ។