ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួប និងពិភាក្សាការងារជាមួយលោក NAGASE Kensuke រដ្ឋមន្រ្តី និងជាអនុប្រធានបេសកកម្មប្រចាំស្ថានទូតជប៉ុន នៅទីស្តីការក្រសួងយុត្តិធម៌

     នារសៀល ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប និងពិភាក្សាការងារជាមួយលោក NAGASE Kensuke រដ្ឋមន្រ្តី និងជាអនុប្រធានបេសកកម្មប្រចាំស្ថានទូតជប៉ុន នៅទីស្តីការក្រសួងយុត្តិធម៌។ ជំនួបពិភាក្សានេះផ្ដោតសំខាន់លើចំណុចមួយចំនួន ដូចខាងក្រោម៖

១- កម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលផ្ដោតសំខាន់លើ

     (១).ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

     (២).ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង

     (៣).ការអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

២- កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ តាមរយៈកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន រួមមានជាអាទិ៍៖ កម្មវិធីអាហារូបករណ៍ “Young Leaders’ Program”, កម្មវិធីអាហារូបករណ៍ JDS និងកម្មវិធីអាហារូបករណ៍ JICA។

៣- ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ តាមរយៈការអនុវត្តទោសសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ ៤- វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ជំហ៊ានទី៦ ក្រោមកិច្ចសហការនិងការគាំទ្រពីអង្គការ Jica និង អ្នកជំនាញការជប៉ុន។