ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងធីន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលកាន់តំណែតជាង១ឆ្នាំ សម្តេចមានកម្មវិធីសម្ពោធសមិទ្ធផលនានា ជាមួយឯកអគ្គរាជទូតជប៉ុនចំនួន៧លើកហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅ ពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងទទួលបានសមិទ្ធផលចំណត ផែ កុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត៕