ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចសម្ភាសន៍លើ ប្រធានបទ ភាពចាំបាច់នៃលិខិតថ្កោលទោស ដែលកំណត់ដោយច្បាប់ នៅក្នុងកម្មវិធី អំណាចច្បាប់ របស់ស្ថានីយទូរទស្សន៍ CNC និង CBS Digital ។ នៅក្នុងកិច្ចសម្ភាសន៍ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រសួងយុត្តិធម៌ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា លើវិស័យុត្តិធម៌ និងការបម្រើសេវាសាធារណៈលើព្រឹត្តិបត្រថ្កោលទោស ជូនសាធារណជន ដោយសារលិខិតថ្កោលទោសមានសារៈសំខាន់ជាចាំបាច់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ព្រោះវាជាលិខិតបទដ្ឋានគតិយុត្តមួយប្រភេទ ដែលបានបង្ហាញពីសម្រង់នៃនិទ្ទេសទាំងអស់ ឬមួយផ្នែកដែលមានចុះនៅក្នុងបញ្ជីថ្កោលទោសចំពោះបុគ្គលណាមួយជាកំណត់ ពោលគឺលិខិតថ្កោលទោស ឬព្រឹត្តិបត្រថ្កោលទោស គឺជាសេចក្តីបញ្ជាក់លើបុគ្គលណាម្នាក់ថា មានកំណត់ត្រាផ្តន្ទាទោស ឬគ្មានកំណត់ត្រាផ្តន្ទាទោសជាប់ពន្ធនាគារនៅក្នុងបញ្ជីថ្កោលទោសតម្កល់នៅក្រសួងយុត្តិធម៌។ ទាំងពេលកន្លងមក និងទាំងពេលបច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌ កំពុងបន្ត យកចិត្តទុកបំផុត ក្នុងការអនុវត្តតាមការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឱ្យក្រសួងយុត្តិធម៌ធ្វើការអភិវឌ្ឍលើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ភាពងាយស្រួល ចំណាយពេលវេលា និងថវិកាតិចជូនសាធារណជន ។ តបតាមគតិបណ្ឌិតណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានធ្វើការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់បម្រើសេវាព្រឹត្តិបត្រថ្កោលទោសរបស់ខ្លួនចំនួន២លើក រួចមកហើយ ដែលមកដល់ពេលនេះ បានអភិវឌ្ឍប្រព័ន្ធឌីជីថលលើកិច្ចការថ្កោលទោស កាន់តែទំនើប មានភាពងាយស្រួល ចំណាយទាំងពេលវេលា និងថវិកាតិច ដែលប្រព័ន្ធនេះ បានអនុញ្ញាតឱ្យអ្នកស្នើសុំបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមប្រព័ន្ធអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាម QR code របស់ធនាគារ ចំណែកអ្នកស្នើសុំតម្រូវឱ្យមកទទួលយកដោយផ្ទាល់នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌តែម្តងគត់ ដោយត្រូវភ្ជាប់មកនូវជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា។ បន្ថែមពីលើនេះ នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឯកភាពគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ព្រឹត្តិបត្រថ្កោលទោសថែមទៀតផង។