ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំរៀបចំការធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យរដ្ឋប្បវេណី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ជាសមាជិកក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តីមួយចំនួន។