ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោប់ជាមួយតំណាងសាលាជម្រះក្តី អយ្យការអមសាលាជម្រះក្តី និងអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តី ដែលជាថ្នាក់ដឹកនាំនៃតុលាការកំពូល មហាអយ្យការអមតុលាការកំពូល អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល, សាលាឧទ្ធរណ៍តំបន់ មហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍តំបន់ និង សាលាដំបូងរាជធានី-ខេត្ត អយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានី-ខេត្តមួយចំនួន ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង “ប្រកាសស្តីពីការទទួលស្គាល់អ្នកបកប្រែភាសាក្នុងវិស័យយុត្តិធម៌”។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធផងដែរ។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុស និងទទួលធាតុចូលសំខាន់ៗ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានផ្តល់អនុសាសន៍ណែនាំឱ្យនាយកដ្ឋានជំនាញបន្តធ្វើការសិក្សាស្រាវជ្រាវ និងកែសម្រួលខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងសេចក្តីព្រាង ផ្អែកលើធាតុចូលដែលទទួលបាន។