ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការ​រៀបចំ​សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃ​ក្រសួង​យុត្តិធម៌​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញដែលជាសមាសភាពនៃក្រុមការងារដឹកនាំ និងក្រុមការងារបចេ្ចកទេសរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ផងដែរ។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដី​ពី​លក្ខន្តិកៈ​សារការី​ និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលយកធាតុចូលបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយសង្គតិភាព។