នៅរសៀលថ្ងៃចន្ទ ៣ កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អមដោយសហការីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការសហប្រតិបត្តិការសារការីអន្តរជាតិ (CCNI) នៃសហភាពអន្តរជាតិនៃសារការីឡាតាំង (UINL) ដឹកនាំដោយលោកសារការី Michiel VAN SEGGELEN សារការីនៃប្រទេសបារាំង និងជាអនុប្រធាននៃCCNI រួមដំណេីរជាមួយដោយសារការីនៃ ៥ ប្រទេសផ្សេងទៀត ដែលជាអនុប្រធាន និងសមាជិកនៃCCNI ផងដែរ។ ជំនួបពិភាក្សានេះ ផ្តោតលេីការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកអំពីការគ្រប់គ្រង និងការអនុវត្តវិជ្ជាជីវ:សារការីនៅប្រទេសបារាំង អ៊ីតាលី អេស៉្បាញ អាល្លឺម៉ង់ នីហ្សេរីយ៉ា កូតឌីវ័រ និងកម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃការចូលជាសមាជិកនៃUINL ដើម្បីទទួលធាតុចូលបន្ថែមក្នុងការរៀបចំច្បាប់ស្តីពីលក្ខន្តិកៈសារការី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៅកម្ពុជា។ ក្រោយជំនួបពិភាក្សានេះ គណៈប្រតិភូនៃCCNI ទាំងអស់ បានធ្វេីបទបង្ហាញអំពីសហភាពអន្តរជាតិនៃសារការីឡាតាំង (UINL) ជូនដល់សិស្សសារការីជំនាន់ទី៣ និងទី៤ នៃសាលាភូមិន្ទសារការី ព្រមទាំងចូលរួមឆ្លេីយសំណួរពាក់ព័ន្ធនឹងវិជ្ជាជីវៈសារការីផងដែរ។ គួរបញ្ជាក់ដែរថា UINL មានសមាជិកចំនួន ៩២ ប្រទេស ដែលគ្របដណ្តប់លើសពី ពីរភាគបី នៃប្រជាជន និងសេដ្ឋកិច្ចពិភពលោក។