នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៣ ត្រូវបានធ្វើឡើងចំនួន២៩ដង គិតចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងពន្លឿនការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី ដែលជាការងារអាទិភាពមួយរបស់ក្រសួងយុត្តិធម៌ ដែលបានកំណត់ និងចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។