ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងកិច្ចជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Alissar Chaker បានផ្តោតកិច្ចពិភាក្សាសំខាន់លើការងារមួយចំនួនពាក់ព័ន្ធនឹងការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង UNDP ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើជំនួយផ្នែកច្បាប់, ការលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងផ្នែកច្បាប់របស់ប្រជាពលរដ្ឋ, កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសលើគម្រោងសម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌។