នៅរសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងក្របខណ្ឌគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការងារហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណៈ, ឯកឧត្តម អ៊ួង សុភារិន្ទ និងឯកឧត្តម កើត សេកាណូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២៤ និងការរៀបចំគម្រោងថវិកាឆ្នាំ២០២៥ របស់ទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង តាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តថវិការបស់អង្គភាពថវិកា និងអង្គភាពចំណុះទីស្តីការក្រសួងយុត្តិធម៌។ ជាលទ្ធផល អង្គប្រជុំបានធ្វើការបូកសរុបលទ្ធផលនៃការអនុវត្តថវិកាក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានាពីតំណាងអង្គភាពថវិកា។ ទន្ទឹមនេះ អង្គប្រជុំបានធ្វើការណែនាំអំពីនីតិវិធីហិរញ្ញវត្ថុ និងកំណត់ទិសដៅការងារសំខាន់ៗចំពោះមុខ សំដៅជំរុញការអនុវត្តថវិកាឆ្នាំ២០២៤ និងការរៀបចំគម្រោងថវិកាឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។