ទីស្តីការគណៈរដ្ឋមន្ត្រី៖ កាលពីរសៀល ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មាធិការសន្តិសុខឌីជីថល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសន្តិសុខឌីជីថល ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល, ផ្សព្វផ្សាយនូវគោលការណ៍ណែនាំសំខាន់ៗ និងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តក្នុងពេលចំពោះមុខ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។