បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំការពិនិត្យលើកិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុ ចំពោះកំណែលើវិញ្ញាសាសួរផ្ទាល់មាត់នៃការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ កិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោមជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។ ជាលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលាជំនាន់ទី៣នេះ មានបេក្ខជនជាប់ស្ថាពរចំនួន ៥០ រូប ក្នុងនោះមានស្រីចំនួន ៩ រូប។