ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។ ប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើត បាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គម របស់សហគ្រាស។ រាជរដ្ឋាភិបាលបានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកា អង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥ ៩៨៣ និងសមាគមនិយោជកមានចំនួន ១២៕