ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាល ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាល ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (3rd SOM-MLAT) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី

​​​    នាព្រឹកថ្ងៃចន្ទ ៦រោច និងថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ និងថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាល ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌកម្ពុជា បានដឹកនាំគណៈប្រតិភូ ដែលរួមមានឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ , លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងលោក ហុក ច័ន្ទសុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានកិច្ចច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាល ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ លើកទី៣ (3rd SOM-MLAT) នៅ កោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីពិនិត្យ និងពិភាក្សាលើ៖

១.ការធ្វើបច្ចុប្បន្នភាពស្តីពីសកម្មភាពការងាររបស់អាជ្ញាធរកណ្តាលរបស់ប្រទេសជាសមាជិកអាស៊ាន

២.នីតិវិធីសម្រាប់ការចូលជាសមាជិកភាពនៃសន្ធិសញ្ញានៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌអាស៊ាន សម្រាប់បណ្ដារដ្ឋមិនមែនជាសមាជិកអាស៊ាន

៣.ការបង្កើតទម្រង់គំរូស្តង់ដារ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

៤. បញ្ហាផ្សេងៗ។