នៅរសៀល ថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមលើការងារថវិកាក្នុងវិស័យយុត្តិធម៌ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភក្សាលើ ផែនការសកម្មភាពជំរុញការដាក់ឱ្យអនុវត្តថវិកាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលរបស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការអគ្គនាយកដ្ឋានរតនាគារជាតិ។