រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។ មហាសន្និបាតជាប្រវត្តិសាស្រ្តនៃវិស័យយុត្តិធម៌លើកទី១ នេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២៧ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ បន្ទាប់ពីឆ្លងកាត់កិច្ចពិភាក្សាដេញដោលយ៉ាងសកម្ម និងផុលផុសអស់រយៈពេល ៣ថ្ងៃនេះ, អង្គមហាសន្និបាតបានរួមគ្នា ខិតខំរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានានៅក្នុងវិស័យយុត្តិធម៌នៅកម្ពុជា ដើម្បីជាមូលដ្ឋានរួមសម្រាប់ការអនុវត្តការងារផ្អែកតាមច្បាប់ និងនីតិវិធីជាធរមាន ប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។