ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៃលេខាធិការដ្ឋានអាស៊ាន។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៃលេខាធិការដ្ឋានអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការខិតខំយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការសម្របសម្រួល និង ធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ានទទួលបានសមិទ្ធផលខ្ពស់ និងកាន់តែគ្រប់ជ្រុងជ្រោយ កន្លងមក ជាពិសេស សមិទ្ធផលជោគជ័យ ទទួលបានពីកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ានលើកទី១២ (12th ALAWMM) និងកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន (ASLOM)។ ជាកិច្ចបន្ទាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីការបន្តសហការរបស់កម្ពុជា ក្នុងក្របខ័ណ្ឌអាស៊ានជាមួយប្រទេសផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវឯកសារផ្លូវច្បាប់សំខាន់ៗ ដូចជា សន្ធិសញ្ញាស្តីពីបត្យាប័នអាស៊ាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការច្បាប់ក្នុងក្របខ័ណ្ឌអាស៊ានឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ានបានពិភាក្សា ដោយផ្ដោតសំខាន់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងការអនុវត្តការងារជាក់ស្ដែង ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆ្លងដែនផ្សេងទៀត ដែលបច្ចុប្បន្ន បទល្មើសទាំងនេះកំពុងជាបញ្ហាប្រឈមរួម សម្រាប់ប្រទេសនានាក្នុងតំបន់ ដូចជា scam online គឺជាបញ្ហារសើប និងជាបញ្ហាប្រឈមរួមមួយ ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជាដាច់ខាត។ ជាចុងបញ្ចប់, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជូនពរឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ទទួលបានជោគជ័យក្នុងរាល់កិច្ចការងារ។