នារសៀលថ្ងៃព្រហស្បត្តិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី ៤ នេះ ត្រូវបានរៀបចំទ្បេីងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលេីឯកសារចំនួន ២ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចដំណេីរការសម្រុះសម្រួលផ្សះផ្សាវិវាទ គឺ:
ទី១- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។
ទី២- ទម្រ ង់ និងខ្លឹមសារនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ និងរូបមន្តអនុវត្តនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិភាក្សាលេីការធ្វេីកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដោយរៀបចំជាអនុស្សរណៈយោគយល់គ្នារវាង អ.ដ.ក. ជាមួយក្រសួងមហាផ្ទៃ, ក្រសួងអធិការកិច្ច , គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នផ្សេងទៀត នាពេលឆាប់ៗ ខាងមុខ ដើម្បីជួយលេីកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។