នាព្រឹក ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយនឹងតំណាងការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាពិសេសលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការជួយគ្នាទៅវិញទៅមក (MLA) ជាមួយរដ្ឋបរទេស។ ទន្ទឹមនេះ ការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក៏បានផ្ដល់ជូននូវសម្ភារៈការិយាល័យមួយចំនួន ដល់មន្ត្រីបង្គោលនៃអាជ្ញាធរកណ្ដាលកម្ពុជា ដើម្បីគាំទ្រដល់យន្តការការងារក្នុងក្របខណ្ឌ (MLA)។