នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំង របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ផ្តល់បទសម្ភាសន៍ ក្នុងកម្មវិធី "អំណាចច្បាប់ (Legal Power)" របស់ស្ថានីយ៍ទូរទស្សន៍ CNC ក្នុងគោលបំណងដេីម្បីចែករំលែកអំពីការគោរព និងអនុវត្តច្បាប់នៅកម្ពុជា ជូនដល់សាធារណជនបានជ្រាប និងយល់ដឹងបន្ថែម។ បទសម្ភាសន៍ មានរយៈពេល ១ ម៉ោង និងបានផ្តោតលើកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ រួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។