នាថ្ងៃពុធ ២ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដើម្បីតាមដានត្រួតពិនិត្យលើវឌ្ឍនភាពនៃការងាររៀបចំឯកសារពាក់ព័ន្ធការកែទម្រង់ និងការងារសំខាន់ៗមួយចំនួនទៀតរបស់ក្រសួង ដូចខាងក្រោម÷
១-ផែនការប្រតិបត្តិសម្រាប់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
២-ការត្រៀមរៀបចំជំនួបសម្តែងការគួរសម និងការរៀបចំសិក្ខាសាលារួមគ្នាផ្លាស់ប្តូរបទពិសោធន៍អំពីសន្ធានកម្ម ជាមួយក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង នៅដើមខែធ្នូ ខាងមុខនេះ
៣-ផែនការនៃការសិក្សា វាយតម្លៃ និង កែសម្រួល យន្តការជំនួយផ្នែកច្បាប់នៅកម្ពុជា
៤-ផែនការប្រតិបត្តិ និងផែនការសកម្មភាព សម្រាប់អនុវត្តយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌ រយៈពេល ១០ ឆ្នាំ ដែលត្រូវដាក់ចេញនាពេលខាងមុខនេះ
៥-រៀបចំយន្តការដឹកនាំ និង អនុវត្ត យុទ្ធនាការ ចំនួន ២ ដែលនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងការកែទ្រង់ប្រព័ន្ធយុត្តិធម៌
៦-ផែនការនៃការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកនាំពាក្យនិងមន្រ្តីព័ត៌មានក្នុងវិស័យយុត្តិធម៌ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនក្នុងវិស័យយុត្តិធម៌។