ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំរៀបចំទម្រង់តារាងស្ថិតិដើម្បីគ្រប់គ្រងទិន្នន័យនានា ដែលបម្រើដល់ការងារអយ្យការ និងព្រហ្មទណ្ឌ និងពិនិត្យការងារអាទិភាពផ្សេងទៀតរបស់អគ្គនាយកដ្ឋានអយ្យការ និងព្រហ្មទណ្ឌ

 

    ចាប់ពីថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ ដែលមានការចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួន លើការងាររៀបចំទម្រង់តារាងទិន្នន័យនានា ពាក់ព័ន្ធនឹងការងារអយ្យការ និងព្រហ្មទណ្ឌ និងពិនិត្យលើអាទិភាពការងារផ្សេងទៀតរបស់អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដើម្បីពិនិត្យ និងជំរុញប្រសិទ្ធភាពលើការងារ តាមការបែងចែង តួនាទីភារកិច្ចដោយថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌។

    ជាលទ្ធផលនៃកិច្ចប្រជុំ បានរៀបចំពិនិត្យ និងកែសម្រួលលើតារាងស្ថិតិទិន្នន័យមួយចំនួនជាអាទិ៍ដូចជា តារាងស្ថិតិបទល្មើសសម្អាតប្រាក់ តារាងស្ថិតិបទល្មើសជួញដូរមនុស្ស តារាងស្ថិតិបទល្មើសព្រហ្មទណ្ឌទូទៅ តារាងស្ថិតិទិន្នន័យបទល្មើសព្រហ្មទណ្ឌពិសេស រួមទាំងការងារអាទិភាពមួយចំនួនផ្សេងទៀតរបស់អគ្គនាយកដ្ឋាន ក្នុងគោលបំណងដើម្បីអាចប្រមូលទិន្នន័យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងបានគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងការងាររបស់អគ្គនាយកដ្ឋាន។