នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១៩ របស់ក្រុមការងារបច្ចេកទេស ដោយកិច្ចប្រជុំលើកនេះ មានការចូលរួមពីវាគ្មិនកិត្តិយសដែលជាសាស្ត្រចារ្យ និងមន្ត្រីជំនាញអញ្ជើញមកពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌ប្រទេសជប៉ុន។ នៅក្នុងដំណើរការកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញស្តីពីប្រព័ន្ធអប់រំច្បាប់, កម្មវិធីសិក្សា និងវិធីសាស្ត្រនៃការអប់រំច្បាប់ប្រកបដោយប្រសិទ្ធភាពនៅសាលាច្បាប់ (Law School) ក្នុងប្រទេសជប៉ុន ដោយលោកសាស្ត្រាចារ្យ SAKAMOTO Tatsuya នៃវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃក្រសួងយុត្តិធម៌ប្រទេសជប៉ុន (RTI) និងលោកមេធាវី NAITO Yujiro អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃក្រសួងយុត្តិធម៌ជប៉ុន។ សូមគូសបញ្ជាក់ថា បទបង្ហាញ និងការចែករំលែកបទពិសោធន៍អំពីប្រព័ន្ធអប់រំច្បាប់, កម្មវិធិសិក្សា និងវិធីសាស្រ្តនៃការអប់រំរបស់សាលាច្បាប់នៅប្រទេសជប៉ុនខាងលើនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ ដែលកំពុងធ្វើការពិនិត្យ កែសម្រួល និងរៀបចំនូវកម្មវិធីបណ្តុះបណ្តាល ព្រមទាំងឯកសារបង្រៀនផ្នែករដ្ឋប្បវេណី សម្រាប់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។