រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ រយៈពេល ២ ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនាលើកទី៦ នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។ ទន្ទឹមនេះ, អង្គវិបស្សនាក៏បានបន្តពិនិត្យ និហពិភាក្សាលើសេចក្តីព្រាងឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃកិច្ចដំណើរការនៃយន្តការថ្មីនេះ។