នាព្រឹកថ្ងៃសុក្រ ២កេីត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយមន្ត្រី ក្រឡាបញ្ជី និងមន្ត្រីអាជ្ញាសាលា នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្ត ពោធិ៍សាត់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី និងមន្ត្រី ក្រឡាបញ្ជី មន្ត្រីអាជ្ញាសាលា សរុបចំនួន៤០រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖ ១. ការពិនិត្យវឌ្ឍនភាពការងារ ២. បញ្ហាប្រឈម ៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ
តាមរយៈនេះ ឯកឧត្តម សួន វិសាល ក៏បាននាំមកនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដល់មន្រ្តីក្រឡាបញ្ជី មន្រ្តីអាជ្ញាសាលា និងថ្នាក់ដឹកនាំស្ថាប័នតុលាការទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល។ កិច្ចប្រជុំនេះទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ព្រមទាំងមន្ត្រីតុលាការ ប្រកបដោយបរិយាកាសស្និទស្នាល និងរីករាយយ៉ាងក្រៃលែង រួមទាំងទទួលបានលទ្ធផលលើសពីការរំពឹងទុក។