នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយមន្ត្រី ក្រឡាបញ្ជី និងមន្ត្រីអាជ្ញាសាលា នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្ត បាត់ដំបង ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ លោកស្រីប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី មន្ត្រី ក្រឡាបញ្ជី និងមន្ត្រីអាជ្ញាសាលា សរុបចំនួន៥៥រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ ២. បញ្ហាប្រឈម ៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ តាមរយៈនេះ ឯកឧត្តម សួន វិសាល ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខ ទុក្ខ ពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដល់មន្រ្តីក្រឡាបញ្ជី មន្រ្តីអាជ្ញាសាលា និងថ្នាក់ដឹកនាំស្ថាប័នតុលាការ ទាំងអស់ដែលមានវត្តមាននៅក្នុងអង្គប្រជុំទាំងមូល។
កិច្ចប្រជុំនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានតុលាការ ក៏ដូចជាព្រះរាជអាជ្ញា និងប្រកបដោយបរិយាកាសដ៏ស្និទស្នាល រីករាយយ៉ាងក្រៃលែង រួមទាំងទទួលបានលទ្ធផលជាផ្លែផ្កាលើសពីការរំពឹងទុក។