បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ដែលមានបេក្ខជនចំនួន ១០រូបចុងក្រោយ ចូលរួមមកបង្ហាញសមត្ថភាពលើវេទិកា។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្សកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
កម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ជាកម្មវិធីដំបូងបំផុតដែលក្រសួងយុត្តិធម៌បានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឱ្យចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន សម្រាប់បម្រើដល់គោលដៅរបស់ក្រសួងយុត្តិធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាលគឺ៖ ដំណាក់កាលទី១-ការសម្ភាសន៍, ដំណាក់កាលទី២-ការបង្ហាញសមត្ថភាពលើវេទិកា និង ដំណាក់កាលទី៣-ការបង្ហាញសមត្ថភាពលើវេទិកា និងឆ្លើយសំណួរពីអង្គបោះឆ្នោត។
ថ្លែងក្នុងកម្មវិធីនេះ, ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា វេទិកានៃកម្មវិធីនេះ ជា “វេទិកាបញ្ញាញាណ” ដែលជាទីកន្លែងឱ្យយុវជនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យពិតប្រាកដ និងចងក្រងយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សីក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីយុវជនជារៀងរាល់ឆ្នាំ ដោយមិនផ្តោតតែទៅលើកម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌តែប៉ុណ្ណោះទេ ក៏រួមមានផងដែរនូវកម្មវិធីផ្សេងៗជាច្រើនទៀត។
ជាលទ្ធផលនៃការប្រកួតប្រជែង, បេក្ខជន ៣រូប ដែលបានទទួលជ័យលាភីមានដូចខាងក្រោម៖ ១-ជ័យលាភីលេខ១៖ លោក ឈុន សីហា អនុប្រធាននាយកដ្ឋានសារការី ២-ជ័យលាភីលេខ២៖ លោក វ័រ ដារិទ្ធ ក្រឡាបញ្ជីសាលាដំបូងខេត្តកណ្តាល ៣-ជ័យលាភីលេខ៣៖ កញ្ញា បូ ចាន់ភារម្យ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។