ទីក្រុងតូក្យូ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបទ្វេភាគីជាមួយឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 ។
ថ្លែងក្នុងកិច្ចជំនួបនេះ, ឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសជប៉ុន បានលើកឡើងថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 ធ្វើឡើងក្នុងឱកាសនៃខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងអាស៊ាន និងជប៉ុន ក៏ដូចជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនផងដែរ។ ឯកឧត្តម SAITO ក៏បានមានប្រសាសន៍បន្ថែមទៀតថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 នេះ ជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគោរពនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ ឯកឧត្តម SAITO មានសេចក្តីរំពឹងថារវាងអាស៊ាន និងប្រទេស G7 នឹងមានទំនាក់ទំនងល្អជាមួយគ្នា រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ នឹងមានសកម្មភាពបន្តនៅជំហានបន្ទាប់ទៀត។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានកោតសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម «ការទូតយុត្តិធម៌» (Justice Affairs Diplomacy) របស់ជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន រួមទាំងប្រទេសសមាជិកអាស៊ាន និងប្រទេស G7 សំដៅលើកកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ, ការគោរពសិទ្ធិមនុស្ស, ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាការពារសន្តិសុខ ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបង្ហាញការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុនបង្កើតឱ្យមាននូវវេទិកា ASEAN-G7 Next Leaders’ Forum ដែលនឹងប្រមូលផ្តុំមន្រ្តីរដ្ឋាភិបាលវ័យក្មេង ដើម្បីចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាព និងការកសាងនូវភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុននៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ នាពេលកន្លងមក រួមទាំងបានគូសរំលេចអំពីការបណ្តុះបណ្តាលធនធានមនុស្សនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ JICA។ ដើម្បីបំពេញតម្រូវការចាំបាច់ផ្សេងទៀតនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា, ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យក្រសួងយុត្តិធម៌ជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមមានទាំងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន សម្រាប់មន្រ្តីនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងជាពិសេសកិច្ចជំនួយក្នុងការរៀបចំបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនៅកម្ពុជានាពេលអនាគត។ ក្នុងកិច្ចជំនួបនេះផងដែរ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រ និងជំនួយនានាក្នុងវិស័យច្បាប់ និងយុត្តិធម៌ដល់កម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ។