ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-រដ្ឋមន្រ្តិយុត្តិធម៌ G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

 

   ទីក្រុងតូក្យូ៖ នាថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន និងរដ្ឋមន្រ្តីយុត្តិធម៌ G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចជំនួបនេះ។ កិច្ចជំនួបនេះ ដឹកនាំដោយសហប្រធានដែលជា ឯកឧត្តម SAITO Ken រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសជប៉ុន និងលោកជំទាវ AZALINA Othman Said រដ្ឋមន្ត្រីទទួលបន្ទុកការងារច្បាប់និងកំណែទម្រង់ស្ថាប័នរបស់ម៉ាឡេស៊ី និងដោយមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់និងយុត្តិធម៌អាស៊ាន និងប្រទេស G7 ឬ អគ្គរដ្ឋអាជ្ញា និង អគ្គព្រះរាជអាជ្ញានៃបណ្តាប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និង លេខាធិការដ្ឋានអាស៊ាន, តំណាងប្រទេសទីម័រខាងកើត (សមាជិកសង្កេតការណ៍), ព្រមទាំងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ។

    កិច្ចជំនួបនេះ ជាកិច្ចជំនួបលើកដំបូងបំផុតរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន និងប្រទេស G7 ដែលធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអាស៊ាន និង ប្រទេស G7 ក្នុងវិស័យច្បាប់និងយុត្តិធម៌» ក្នុងគោលបំណងជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ាននិងប្រទេស G7 និងជាវេទិកាសម្រាប់ជួបពិភាក្សាគ្នា ផ្លាស់ប្តូរ ឬ ចែករំលែកនូវទស្សនៈបឋមពាក់ព័ន្ធនឹងបញ្ហាជាប្រយោជន៍រួម និងផលប្រយោជន៍ទៅវិញទៅមកដើម្បីភ្ជាប់ទំនាក់ទំនងការងារ និង ធានានូវការកសាងគ្រឹះសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌ រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស G7 ។

    ជាលទ្ធផលនៃកិច្ចជំនួបនេះ, បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់បានគាំទ្រឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអាស៊ាន ជាមួយនឹងប្រទេស G7 និង ទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-G7 ក្នុងវិស័យច្បាប់ និងយុត្តិធមិ ក្នុងគោលដៅលើកកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ, ការគោរពសិទ្ធិមនុស្ស, ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាការពារសន្តិសុខ ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនេះ អង្គប្រជុំក៏បានលើកឡើងអំពីវិស័យអាទិភាពការងារមួយចំនួន ដើម្បីចាប់ផ្តើមទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេស G7 ផងដែរ។ សមាជិកអាស៊ាន និងG7 ស្វាគមន៍ចំពោះកិច្ចពិភាក្សាបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌នេះ។

    ទន្ទឹមនេះ អង្គប្រជុំបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនក្នុងការរៀបចំបង្កើតឱ្យមាននូវវេទិកា ASEAN-G7 Next Leaders’ Forum ដែលនឹងប្រមូលផ្តុំរដ្ឋាភិបាលវ័យក្មេង ដើម្បីចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាព និងកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យច្បាប់ និងយុត្តិធម៌នេះផងដែរ។