ប្រទេសថៃ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានចាត់តាំងឱ្យចូលរួមកិច្ចប្រជុំអន្តរជាតិ “កិច្ចសន្ទនាកម្រិតជាន់ខ្ពស់ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស ដែលពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការកាស៊ីណូ និងការឆបោកតាមប្រព័ន្ធអនឡាញ ក្នុងតំបន់អាសុីអាគ្នេយ៍ (High Level Dialogue to Address Transnational Organized Crime and Human Trafficking associated with Casinos and Cyber Scam Operations in Southeast Asia)” នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយការិយាល័យប្រឆាំងគ្រឿងញៀន និងបទល្មើសនៃអង្គការសហប្រជាជាតិ (UNODC) និងនាយកដ្ឋានកិច្ចការអន្តរជាតិនៃប្រទេសហ្វីលីពីន ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់មកប្រទេសចំនួន១០ ក្នុងសមាគមប្រជាជាតិអាសុីអាគ្នេយ៍ (ASEAN) រួមជាមួយនឹងប្រទេសចិន។ សមាសភាពដែលត្រូវបានចាត់តាំងជាតំណាងរបស់កម្ពុជា រួមមាន៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
កិច្ចសន្ទនាកម្រិតជាន់ខ្ពស់នេះ បានផ្តល់ឱកាសឱ្យតំណាងនៃប្រទេសទាំងអស់ក្នុងអាស៊ាន ធ្វើបទបង្ហាញពីផលប៉ះពាល់នៃបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស ដែលពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការកាស៊ីណូ និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសរបស់ខ្លួន រួមជាមួយនឹងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងការផ្តល់អនុសាសន៍ដើម្បីរកដំណោះស្រាយរួម។