នៅរសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តុីក្រសួងយុត្តិធម៌ ឯកឧត្ដម តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ អមដោយមន្រ្តីជំនាញ បានទទួលជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Sibille de Cartier d'Yves ឯកអគ្គរាជទូតប៊ែលហ្ស៉ិកប្រចាំកម្ពុជា និងដោយមានចូលរួមផងដែរពី លោកស្រី សុវណ្ណ ឆវី អនុប្រធានការិយាល័យនៃនាយកដ្ឋានអឺរ៉ុប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់ទៅលើបច្ចុប្បន្នភាពនៃការរៀបចំសេចក្ដីព្រាងអនុសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រប៊ែហ្ស៊ិក និងសំណុំរឿងមួយចំនួនក្នុងក្របខណ្ឌនៃសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ។