រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។ មានប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ បែងចែកផ្លែផ្កាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ដើម្បីបម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ ដូចជាការយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិ គឺជានយោបាយកាត់បន្ថយភាពក្រីក្រដ៏មានប្រសិទ្ធភាព ជាក់ស្ដែងដូចជាការកសាងស្ពាន ផ្លូវ នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋទូទៅ ងាយស្រួលក្នុងការធ្វើដំណើរ ដោយចំណាយពេលវេលាតិច សន្សំសំចៃខ្ពស់ ប្រកបដោយសុវត្ថិភាព ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាយើង នឹងចាប់ផ្តើមប្រកួតកីឡា ប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ហេតុនេះប្រជាពលរដ្ឋទូទាំងប្រទេស សូមបន្តគាំទ្រប៉ារ៉ាហ្គេម ដែលជាកីឡាជនពិការឱ្យបានខ្លាំងក្លាពេញទំហឹង ឱ្យដូចព្រឹត្តិការស៊ីហ្គេមកន្លងមកនេះ ដែលយើងទទួលបានជោគជ័យដ៏ឥតខ្ចោះ ដើម្បីជាការលើកទឹកចិត្តដល់ជនពិការអាស៊ានគ្រប់រូប បើទោះជាពិការរូបកាយមែន តែពួកគាត់មិនបានពិការផ្លូវចិត្តនោះទេ ហើយថែមទាំងទទួលបានការគោរពស្រលាញ់ពីគ្រប់មជ្ឍដ្ឋានថែមទៀត ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍ ។