តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំ មន្ត្រីជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការជាតិឧបាស្រ័យពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មដែលត្រូវបានប្រកាសឱ្យប្រើនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគោលបំណងការពារនិងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់និងការ នាំចូលដោយគំហុក ដោយប្រើប្រាស់វិធានឧបាស្រ័យពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ច្បាប់នេះ ត្រូវអនុវត្តចំពោះការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធននិងវិធានការប៉ះប៉ូវ ព្រមទាំងវិធានការការពារទាក់ទងនឹងការធ្វើពាណិជ្ជកម្ម នៅកម្ពុជា ដោយអនុលោមតាមវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក។
ដើម្បីសម្រេចគោលបំណងនៃច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មខាងលើ ច្បាប់នេះបានតម្រូវឱ្យបង្កើតគណៈកម្មការជាតិឧបាស្រ័យ ពាណិជ្ជកម្ម ដែលត្រូវដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា រួមទាំងក្រសួងយុត្តិធម៌ ផងដែរ។ កិច្ចប្រជុំថ្ងៃនេះ ដែលមានការចូលរួមដោយផ្ទាល់ពីក្រសួងពាណិជ្ជកម្ម តំណាងស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអ្នកជំនាញជាតិ-អន្តរជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សា ដេញដោលនិងអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យ ជាភាសាអង់គ្លេស ក្នុងដំណាក់កាលទី១។