ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ក្រុមការងារអធិការកិច្ចការនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ អមដោយឯកឧត្តម សៀ តុង អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ព្រមទាំងមន្ត្រីជំនាញ បានធ្វើការសិក្សា ស្រាវជ្រាវ ស្វែងរកការពិតលើសំណុំរឿងព្រហ្មទណ្ឌមួយដែលមានជនជាប់ចោទឈ្មោះ ទោម សិទ្ធី ជាម្ចាស់ហាង ឈូក Chhouk Restaurant នៅខេត្តបាត់ដំបង។
ក្រុមការងារអធិការកិច្ចក្រសួងយុត្តិធម៌ បានពិនិត្យលើឯកសារពាក់ព័ន្ធនឹងសំណុំរឿង និងបានសាកសួរបំភ្លឺពីលោកស្រី ទោម សីហា ត្រូវជាបងស្រីបង្កើតរបស់ជនជាប់ឈ្មោះ ទោម សិទ្ធី ជាម្ចាស់ហាងឈូក Chhouk Restaurant ដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក ទាមទាររកយុត្តិធម៌ ដោយបានអះអាងថាប្អូនប្រុសរបស់ខ្លួនទទួលរងនូវភាពអយុត្តិធម៌ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ។
ក្រុមការងារអធិការកិច្ចនៃក្រសួងយុត្តិធម៌ បានធ្វើកំណត់ហេតុសាកសួរ ស្តាប់ការបំភ្លឺពីលោកស្រី ទោម សីហា និងបានផ្តល់ឯកសារភស្តុតាងជូនក្រុមការងារពិនិត្យតាមនីតិវិធីច្បាប់។ បន្ទាប់មកក្រុមការងារអធិការកិច្ច នឹងធ្វើរបាយការណ៍គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យ និងសម្រេច។