ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារក្រសួងយុត្តិធម៌បានចុះទៅសិក្សាស្រាវជ្រាវរកការពិតលើករណីសំណុំរឿងមួយនៅខេត្តបាត់ដំបង

    ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី , នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ រួមនិង ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងរបស់លោកយាយ ប៉ិច ប៊ុន នៅខេត្តបាត់ដំបង ។

    ក្នុងការចុះបំពេញការងារនេះ ក្រុមការងារ ក្រសួងយុត្តិធម៌ បានចុះពិនិត្យសិក្សា និងស្រាវជ្រាវលើឯកសារសំណុំរឿង និងបានសាកសួរភាគីពាក់ព័ន្ធ ព្រមទាំងបានចុះទៅដល់ទីតាំងដីជាក់ស្តែងផងដែរ ដើម្បីស្វែងរកឱ្យឃើញការពិតនៅក្នុងសំណុំរឿង និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច។

    ជាមួយគ្នានេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារចុះជួយឃុំអូចារ, ក្រុមការងារក្រសួងយុត្តិធម៌, អាជ្ញាធរមូលដ្ឋាន និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បាត់ដំបងបាននាំយកអំណោយមនុស្សធម៌រួមមាន ថវិកា, ស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារលោកយយប៉ិច ប៊ុន ផងដែរ។

    សូមបញ្ជាក់ផងដែរថា តាមរយៈបណ្តាញសារព័ត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះ, លោកយាយ ប៉ិច ប៊ុន អាយុជាង ៨០ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ មេត្តាជួយអន្តរាគមន៍រកយុតិ្តធម៌នៅក្នុងករណីសំណុំរឿងទាក់ទងនឹងការខ្ចីប្រាក់ តាំងពីឆ្នាំ២០០៨។