ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីបានអញ្ជើញដឹកនាំគណ:ប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជាធ្វើទស្សនកិច្ចការងារនៅទីក្រុងហាណូយប្រទេស វៀតណាម

    ដោយទទួលបានកាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីបានអញ្ជើញដឹកនាំគណ:ប្រតិភូនៃក្រសួងយុត្តិធម៌ កម្ពុជាធ្វើទស្សនកិច្ចការងារនៅទីក្រុងហាណូយប្រទេសវៀតណាមរយ:ពេល៣ថ្ងៃចាប់ ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គឹម រ័ត្ន ណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, លោកស្រី MAN Asisah អ្នកសម្របសម្រួលគម្រោងរបស់អង្គការអុកស្វាមប្រចាំនៅកម្ពុជា, លោកស្រី Ester Pisey James នាយកគម្រោងស្តីទីនៃអង្គការ ស្ត្រីដើម្បីសន្តិភាព និងតំណាងនៃសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃផងដែរ។

    នៅក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចការងារនេះ , ឯកឧត្តម យ៉ម ផារ៉ូត និងគណៈប្រតិភូបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Khanh Ngoc អនុរដ្ឋមន្ត្រី នៃ ក្រសួង យុត្តិធម៌ វៀតណាម ដោយភាគីទាំងពីរបានលើកទ្បើងអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យច្បាប់ និងយុត្តិធម៍ រវាងក្រសួងយុត្តិធម៍កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ពិសេស ផ្អែកលើការអនុវត្តអនុស្សារណនៃការយោគយល់គ្នា (MOU) រវាងស្ថាប័នទាំងពីរដែលបានធ្វើតាំងពីឆ្នាំ២០០៩ ។

    បន្ទាប់មកគណៈប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយនាយក ដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ , នាយកដ្ឋានច្បាប់រដ្ឋប្បវេណី និងសេដ្ឋកិច្ច ព្រមទាំងនាយកដ្ឋានផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់នៃក្រសួងយុត្តិធម៍វៀតណាម , ប្រធានតុលាការ ប្រជាជនខណ្ឌដុងដានៃទីក្រុងហាណូយ និងមជ្ឈមណ្ឌលមជ្ឈតការអន្តរជាតិនៃប្រទេសវៀតណាម។ សូមបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចការងាររយ:ពេល៣ថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្វែងយល់អំពីគ្នាលើការរៀបចំ និងការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការរៀបចំយន្តការសន្ធានកម្មភ្ជាប់ជាមួយតុលាការ , សន្ធានកម្មពាណិជ្ជកម្ម និងសន្ធានកម្មនៅតាមសហគមន៍មូលដ្ឋាន។