ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

រូបភាពអនុស្សាវរីយ៍ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ.

    រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ. បន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក-សមាជិកានៃ អ.អ.ផ. និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក-សមាជិកា ក្រុមការងារដែលមានការពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

    ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អ.អ.ផ. នេះ, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានសម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះវីរភាពរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក-សមាជិកា អ.អ.ផ. និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក-សមាជិកាក្រុមការងាររបស់ក្រសួង-ស្ថាប័ន និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណក្នុងការដឹកនាំ គាំទ្រ និងបានផ្តល់កិច្ចសហការយ៉ាងល្អដល់ អ.អ.ផ. និងដែលបានរួមចំណែកក្នុងភាពជោគជ័យក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF ដើម្បីពង្រឹងបាននូវតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារជាតិ នៃកម្ពុជា ដែលបានផ្តល់ការគាំទ្រពេញលេញទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកធនធានផ្សេងៗ ដល់ អ.អ.ផ. ដែលអនុញ្ញាតឱ្យ អ.អ.ផ. អាចបំពេញបេសកកម្មរបស់ខ្លួនដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

    បន្ថែមពីនេះ, បន្ទាប់ពីកិច្ចប្រជុំបូកសរុបការងារនេះ, អ.អ.ផ. ក៏បានរៀបចំពិធីអបអរសាទរ និងពិធីប្រគល់ប័ណ្ណសរសើរជូនដល់តួអង្គដែលមានការពាក់ព័ន្ធនៅក្នុងក្របខណ្ឌនៃ អ.អ.ផ. ដែលបានរួមចំណែកក្នុងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងជោគជ័យនៃការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF ផងដែរ។