ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី "ថវិកាសមិទ្ធកម្ម" ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ក្នុងក្របខណ្ឌនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌

    នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កេីត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី "ថវិកាសមិទ្ធកម្ម" ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលសិក្ខាសាលានេះ ត្រូវបានរៀបចំឡេីងដោយមានការសហការរវាងក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។

    សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ លើប្រធានបទចំនួន២ និងកិច្ចពិភាក្សាចំនួន ១ រួមមាន៖

     -ប្រធានបទទី១៖ "ថវិកាសមិទ្ធកម្ម" ឧទ្ទេសនាមដោយ លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

     -ប្រធានបទទី២៖ "ការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌" ឧទ្ទេសនាមដោយ លោក ណុប វណ្ណៈ ប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាននៃក្រសួងយុត្តិធម៌។

    -កិច្ចពិភាក្សាស្តីពី "រចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម និងសូចនាករគន្លឹះក្នុងវិស័យយុត្តិធម៌"

    សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងបង្កើនប្រសិទ្ធភាពនៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។