ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្តចម្រើនពុទ្ធិជ័យមង្គលអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

     រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្តចម្រើនពុទ្ធិជ័យមង្គលអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលស្ថិតនៅមហាវិថីឈ្នះ ឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី, ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមជាមួយនឹងសិស្សវិជ្ជាជីវៈនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាជាច្រើនរូបទៀត។
    ក្រៅពីពិធីសូត្រមន្តចម្រើនពុទ្ធិជ័យមង្គល ឯកឧត្តម កើត រិទ្ធ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនេះ ក៏បានធ្វើការដាំកូនឈើជាច្រើនដើមនៅក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានេះផងដែរ។
    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានអគារសំខាន់ចំនួនពីរគឺ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ ដែលអគារទាំងពីរនេះនឹងក្លាយទៅជាទីកន្លែងបណ្តុះបណ្តាលរួមដែលមានលក្ខណៈប្រមូលផ្តុំនូវអ្នកវិជ្ជាជីវៈច្បាប់រួមមាន ចៅក្រម ព្រះរាជអាជ្ញា អាជ្ញាសាលា ក្រឡាបញ្ជី សារការី និងមេធាវី ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ អង្គភាពរដ្ឋបាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងៗទៀត។